ចលនានិស្សិតទាមទារឱ្យមេដឹកនាំវៀតណាមគោរពបូរណភាពទឹកដីកម្ពុជា ស្របតាមយន្តការអន្តរជាតិ

ជាថ្មីម្តងទៀត ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា SMD បានទាមទារឱ្យនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀង សួន ហ្វ៊ុក ត្រូវតែគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមខ្លឹមសារនៃអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដូចអ្វីដែលខ្លួនបានជំរុញឱ្យអន្តរជាតិក្នុងនាមប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះដោះស្រាយជម្លោះដែនសមុទ្រដោយប្រើយន្តការអង្គការសហប្រជាជាតិ។ 

ការស្នើនេះ ធ្វើឡើងតាមរយៈលិខិតមួយដែលផ្ញើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង សួន ហ្វ៊ុក នៅថ្ងៃទី១៥ ខែកក្កដានេះ ។

លិខិតនោះជំរុញឱ្យមេដឹកនាំវៀតណាម គោរពនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងធម្មនុញ្ញអាស៊ាន ដោយឈរលើគោលការណ៍ និងយន្តការស្ដង់ដាតែមួយចំពោះប្រជាជាតិទាំងអស់។

ក្រុមនេះក៏បានទាមទារឲ្យរដ្ឋាភិបាលវៀតណាម អនុវត្តករណីជម្លោះព្រំដែនវៀតណាម-កម្ពុជា ដូចដែលលោកនាយករដ្ឋមន្ត្រី បានជម្រុញលក្ខខណ្ឌប្រតិបត្តិជាអន្តរជាតិ ជុំវិញជម្លោះ សមុទ្រចិនខាងត្បូង ជាមួយភាគីពាក់ព័ន្ធផងដែរ។

ការស្នើសុំរបស់ SMDនេះ ធ្វើឡើងបន្ទាប់ពីស្ថាប័នដែលមានមូលដ្ឋាននៅក្រៅប្រទេសមួយនេះ បានតាមដានយ៉ាងយកចិត្តទុកដាក់ នូវសេចក្ដីថ្លែងរបស់ លោក ង្វៀង សួន ហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាមជាប្រធានប្តូរវេននៃសមាគម អាស៊ាន (ASEAN) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីថ្ងៃទី២៦ ខែមិថុនា ថ្មីៗនេះ។

នាយករដ្ឋមន្ត្រីនៃប្រទេសកុម្មុយនីស្តរូបនេះបានអះអាងថា «សមាគម អាស៊ានតាមឃ្លាំមើល និងលើកស្ទួយការអនុវត្តដ៏តឹងរ៉ឹង និងពេញលេញ តាមសេចក្តីប្រកាសនៃក្រមប្រតិបត្តិ (DOC) របស់ភាគីនានា ក្នុងតំបន់សមុទ្រចិនខាងត្បូង និងក៏កំពុងតែប្រឹងប្រែងធ្វើគ្រប់មធ្យោបាយ ដើម្បីបង្កើតក្រមសីលធម៌ដ៏មានប្រសិទ្ធមួយ (COC) ស្របតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)»។

លោក ង្វៀង សួន ហ្វ៊ុក ក៏បានការប្តេជ្ញាចិត្តដែរថា ដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ក្នុងចំណោមប្រទេសនានាក្នុងសមាគម  អាស៊ានជាមួយចិន ដោយឈរលើគោលការណ៍ និងយន្តការស្រប តាមខ្លឹមសារច្បាប់អន្តរជាតិ។

ប្រភពដដែលបន្តថា ដោយសារកម្ពុជា និងវៀតណាម មានវិវាទព្រំដែនដ៏ស្មុគស្មាញច្រើនសតវត្សមកហើយ និងនៅតែបន្តមានវិបត្តិដ៏ចម្រូងចម្រាសលើបញ្ហាផ្លូវច្បាប់នោះ ដូច្នេះចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យរំឭកដល់លោក ង្វៀង សួន ហ្វ៊ុក ងាកមកដោះស្រាយទំនាស់ព្រំដែនជាមួយភាគីកម្ពុជា តាមច្បាប់អន្តរជាតិផងដែរ។

ក្នុងស្មារតីលើកកម្ពស់ការគោរពច្បាប់អន្តរជាតិតាមស្តង់ដាតែមួយ ដើម្បីដោះស្រាយជម្លោះព្រំដែនវៀតណាម-កម្ពុជា ប្រទេសវៀតណាមក៏ត្រូវគោរព និងអនុវត្តកាតព្វកិច្ចតាមច្បាប់អន្តរជាតិជាធរមាន ជាពិសេសតាមអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។ អនុសញ្ញាស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផ្នែក២ ជំពូក២ មាត្រា៣ ដែលចែងថា «រដ្ឋទាំងអស់មានសិទ្ធិបង្កើតប្រវែង នៃដែនសមុទ្ររបស់ខ្លូនរហូតដល់ដែនកំណត់មិនលើសពីចម្ងាយ ១២  ម៉ាយល៍ ឬស្មើនឹង ២២,២២៤ គីឡូម៉ែត្រ ដែលវាស់ពីខ្សែបន្ទាត់មូលដ្ឋានដែនកំណត់ អនុលោមតាមអនុសញ្ញានេះ»។

SMD អះអាងថា យោងតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២នេះ និងតាមលក្ខខណ្ឌភូមិសាស្ត្រ កោះត្រល់ ដែលវៀតណាមហៅថា Phú Quốc គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ពីព្រោះកោះត្រល់មានរយៈចម្ងាយត្រឹមតែ ១៥ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តកំពត ប្រទេសកម្ពុជា ក្នុងរង្វង់ដែន ២២,២២៤ គីឡូម៉ែត្រ ដែលកំណត់ដោយច្បាប់ សមុទ្រ ប៉ុន្តែកោះត្រល់នេះ មានរយៈចម្ងាយរហូតដល់ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង ខេត្តកៀនយ៉ាង ប្រទេស    វៀតណាម ដែលស្ថិតនៅផ្ទៃខាងក្រៅរង្វង់ដែន ២២,២២៤ គីឡូម៉ែត្រ កំណត់ដោយច្បាប់សមុទ្រនេះ។

ជាងនេះទៀត SMD ក៏ទាមទារឱ្យវៀតណាមគោរពយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ។

ចលនានិស្សិតអះអាងថា ឯកសារទី២ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ មាត្រា១ ចំណុច២-ឃ ចែងថា «បញ្ចប់សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ទាំងឡាយ ដែលមិនស្របអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រឹតភាព និង ឯកភាពជាតិរបស់ខ្លួន»។

សន្ធិសញ្ញា និងកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥ រវាងវៀតណាម-កម្ពុជា ក្រោមស្ថានភាព ដែលកម្ពុជាត្រួតត្រាដោយកងទ័ពវៀតណាម បានក្លាយជាមោឃភាពអស់ហើយ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសឆ្នាំ១៩៩១ ប៉ុន្តែរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា នៅតែយកមកធ្វើជាមូលដ្ឋានដោះស្រាយជម្លោះព្រំដែន វៀតណាម-កម្ពុជា ដដែល។ រីឯសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដែលរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃប្រើជាបង្អែកដែរនោះ ក៏មានខ្លឹមសារបំពានទាំងស្រុង លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍នេះដែរ។ 

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ គឺជាលិខិតូបរណ៍អន្តរជាតិ ឬមានតម្លៃជាច្បាប់អន្តរជាតិ ដែលប្រទេសហត្ថលេខីទាំងអស់ ត្រូវអនុវត្តឲ្យត្រូវខ្លឹមសារ ដោយការគោរពគ្នាជាចាំបាច់។ វៀតណាម និងសមាជិកនៃអាស៊ាន ភាគច្រើន គឺជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍នេះ។ ក្រៅពីនេះ ក៏មានយន្តការនៃគោលការណ៍អាស៊ាន ធម្មនុញ្ញអាស៊ាន មាត្រា២ ចំណុច២ ចែងថា «អាស៊ាន និងរដ្ឋសមាជិក ត្រូវអនុវត្តឲ្យសមស្របតាម គោលការណ៍ ដោយគោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃរដ្ឋសមាជិកអាស៊ាន ទាំងអស់ជាដើម។

ជាងនេះទៀតត្រូវបដិសេធនូវអំពើឈ្លានពាន និងការគំរាមគំហែង ឬការប្រើប្រាស់កំលាំង ឬសកម្មភាពទាំងឡាយណា ក្នុងលក្ខណៈមិនសមស្របតាមច្បាប់អន្តរជាតិ។

ការលើកឡើងនេះ បន្ទាប់ពីបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ទាំងព្រំដែនទឹកនិងព្រំដែនគោកនៅតែចោទជាបញ្ហា បន្ទាប់ពីភាគីវៀតណាមតែងបំពានជាបន្តបន្ទាប់ ទោះបីជាមានយន្តការអន្តរជាតិទាំងនេះក្តី ប៉ុន្តែភាគីវៀតណាមនៅតែរំលោភបំពានយន្តការអន្តរជាតិទាំងនោះ។

ជាក់ស្តែងថ្មីៗនេះ ភាគីយោធាវៀតណាមក្រោមលេសបង្ការជំងឺកូវីដ១៩ បានចូលមកបោះតង់ជិត ៣០០ទីតាំង នៅតំបន់ដែលសមត្ថកិច្ចខ្មែរអះអាងថាមិនទាន់ឯកភាពគ្នា ហើយមកទល់ពេលនេះភាគី វៀតណាមនៅមិនទាន់ដកតង់ទាំងនោះអស់នៅឡើយ បើទោះបីជាកម្ពុជាបានព្យាយាមប្រាប់ឱ្យវៀតណាមដកនិងរុះរើតង់ទាំងនោះយ៉ាងណាក្តី៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.