អតីតបុគ្គលិកវិទ្យុអាស៊ីសេរី សោកស្តាយក្រោយពេលតុលាការកំពូលច្រានចោលបណ្តឹងជំទាស់

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបដែលកំពុងរងបណ្តឹង បានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់តុលាការកំពូល ក្នុងការសម្រេចច្រានចោលបណ្តឹងជំទាស់របស់ខ្លួន ដោយតម្កល់ការសម្រេចរបស់តុលាការថ្នាក់ក្រោមឱ្យនៅដដែល ជុំវិញការតម្រូវឱ្យស៊ើបអង្កេតឡើងវិញលើសំណុំរឿងរបស់ពួកគាត់។

ការខកចិត្តនេះ ធ្វើឡើងបន្ទាប់ពី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលលោកស្រី គឹម សត្ថាវី នៅព្រឹកថ្ងៃទី១៥ខែកក្កដានេះ បានប្រកាសបដិសេធបណ្តឹងជំទាស់របស់បុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប ក្នុងសំណុំរឿងតែមួយប៉ុណ្ណោះ គឺសំណុំរឿងផលិត និងកាន់កាប់រូបភាពអាសអាភាស ដោយទទួលយកការសម្រេចរបស់សាលាឧទ្ធរណ៍ឱ្យមានការស៊ើបអង្កេតលើសំណុំរឿងនេះឡើងវិញ ព្រោះសាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ដែលសម្រេចកន្លងមកគឺត្រឹមត្រូវតាមច្បាប់។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ឬយាង សុជាមេត្តា ត្រូវបានសាលាដំបូងរាជធានីផ្នំពេញ សម្រេចកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ឲ្យស៊ើបអង្កេតឡើងវិញជុំវិញសំណុំរឿងចារកម្ម ឬផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស និងសំណុំរឿងផលិតនិងកាន់កាប់រូបអាសអាភាស។

អតីតអ្នកសារព័ត៌មានទាំងពីររូបនេះ បានប្ដឹងសារទុក្ខជាបន្តបន្ទាប់ទៅសាលាឧទ្ធរណ៍ និងទៅតុលាការកំពូល ដើម្បីជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម។ កាលពីថ្ងៃទី១ ខែកក្កដា តុលាការកំពូលក៏បានប្រកាសលើកពេលប្រកាសសាលដីកាលើសំណុំរឿងនេះម្តងរួចមកហើយ ។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីមួយរូបលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការច្រានចោលបណ្តឹងរបស់ពួកគាត់នេះជារឿងគួរឱ្យសោកស្តាយ ត្បិតវាជាការបន្តពន្យាពេលលើសំណុំរឿងរបស់ខ្លួនប៉ុណ្ណោះ។

លោកនៅតែលើកឡើងថា សំណុំរឿងរបស់ខ្លួនជារឿងនយោបាយ ដោយរដ្ឋាភិបាលមានចេតនាសងសឹងចំពោះការងាររបស់ពួកគាត់ដែលធ្លាប់ធ្វើកន្លងមក។

លោកបន្ថែមថា ការបន្តអូសបន្លាយលើសំណុំរឿងរបស់ពួកគាត់នឹងមិនមានប្រយោជន៍អ្វីដល់រដ្ឋាភិបាលឡើយ ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលប៉ុណ្ណោះ និងធ្វើប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ពលរដ្ឋទៅលើប្រព័ន្ធតុលាការនៅកម្ពុជាទៀតផង។

មិនខុសគ្នានេះ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីមួយរូបទៀត លោកអួន ឈិន ក៏បានសម្តែងការខកចិត្តចំពោះការសម្រេចនេះដែរ ព្រោះវាធ្វើឱ្យប៉ះពាល់សល់សិទ្ធិសេរីភាពរបស់ពួកគាត់ និងធ្វើឱ្យការប្រកបមុខរបររបស់ពួកគាត់មិនបានពេញដៃពេញជើងផងដែរ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧  ដោយតុលាការបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យរដ្ឋបរទេស ហើយក្រោយមកតុលាការបានចោទប្រកាន់មួយករណីទៀតពីបទផលិត និងកាន់កាប់រូបភាពអាសអាភាស។ អ្នកសារព័ត៌មានទាំងពីររូបនេះ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែសីហាឆ្នាំ២០១៨។

លោក យី សុខសាន្ត ដែលជាមន្ត្រីអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានឃ្លាំមើលការប្រកាសសារដីកានេះ យល់ឃើញថាអ្វីដែលតុលាការចោទប្រកាន់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប គឺមិនមានមូលដ្ឋានដាក់បន្ទុកច្បាស់លាស់ឡើយ។

បញ្ហានេះ លោកស្នើសុំឱ្យរាជរដ្ឋាភិបាល ក៏ដូចជាតុលាការកំពូលមេត្តាទម្លាក់ចោលបទចោទប្រកាន់លើអតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប ប្រសិនបើដឹងថារឿងហ្នឹងជារឿងមួយអយុត្តិធម៌ ដោយមិនត្រូវបន្តអូសបន្លាយពេលទៀតនោះឡើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.