UNDP ផ្ដល់កុំព្យូទ័រថាប្លេតចំនួន ១ ៧០០ គ្រឿង ដល់រដ្ឋាភិបាលដើម្បីជួយធ្វើឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែប្រសើរ

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិហៅកាត់ថាយូអិនឌីភី (UNDP) ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់កុំព្យូទ័រថាប្លេតចំនួន ១៧០០ គ្រឿង រួមជាមួយនឹងកញ្ចប់កម្មវិធី (software) ដល់ក្រសួងផែនការ ក្នុងគោលបំណងជួយធ្វើឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។

ក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០បញ្ជាក់ថា  កុំព្យូទ័រថាប្លេតទាំងនេះនឹងជួយឱ្យមន្ទីរផែនការរាជធានីខេត្ត ក៏ដូចជាឃុំសង្កាត់ អាចចុះឈ្មោះគ្រួសារដែលត្រូវមកទទួលបណ្ណសមធម៌ថ្មី កាន់តែលឿន ដើម្បីឱ្យពួកគេអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ឱ្យបានឆាប់។

ប្រភពដដែលបន្តថា សេវាគាំពារសង្គម គឺជាផ្នែកសំខាន់មួយក្នុងចំណោមគោលដៅទាំងបួននៃផែនការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ របស់UNDP។ សេវាគាំពារសង្គមត្រូវបានរៀបចំឡើង ដើម្បីជួយឱ្យ ពលរដ្ឋដែលមានឱកាសតិចតួចជាងគេ អាចទទួលបានស្បៀងអាហារ បង់ថ្លៃជួលកន្លែងស្នាក់នៅ និងជួយឱ្យពួកគេអាចស្វែងរកមុខរបរចិញ្ចឹមជីវិតដែលជួយឱ្យជីវភាពរបស់ពួកគេមានភាពនឹងនរ។

លើសពីនេះសេវាគាំពារសង្គម ក៏មានសារៈសំខាន់ ដើម្បីលើកស្ទួយខឿនសេដ្ឋកិច្ចរបស់កម្ពុជាពោលគឺដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាអាចឈានទៅរកភាពកាន់តែប្រសើរជាងមុនក្រោយចប់វិបត្តិកូវីដ-១៩ និងធានាថា ពុំមាននរណាម្នាក់ត្រូវបានគេទុកចោល។

តំណាងនិវេសដ្ឋាន របស់យូអិនឌីភី ប្រចាំប្រទេសកម្ពុជា លោក Nick Beresford មានប្រសាសន៍ថា «រដ្ឋាភិបាលអូស្ត្រាលី និងយូអិនឌីភី បានផ្តល់កុំព្យូទ័រថាប្លេតទាំងនេះដល់ក្រសួងផែនការ ក្នុងគោលដៅជួយដល់ការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមដើម្បីធានាថា គ្រួសារដែលបានចុះឈ្មោះទទួលបានបណ្ណសមធម៌អាចទទួលបានការឧបត្ថម្ភសាច់ប្រាក់។

ទេសរដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការរួមនោះ លោកឆាយ ថន អះអាងថាកម្ពុជា ក៏ដូចជាសកលលោកទាំងមូលដែរ គឺរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេសចំពោះគ្រួសារក្រីក្រ។ លោកបន្ថែមថាដើម្បីជួយសំរួលដល់ជីវភាពរស់នៅរបស់ប្រជាជន រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌។

ប៉ុន្តែលោកថានៅមានគ្រួសារក្រីក្រខ្លះអវត្តមានពីការចុះឈ្មោះទទួលបណ្ណសមធម៌ ហើយគ្រួសារខ្លះទៀតទើបធ្លាក់ខ្លួនក្រដោយសារបាត់បង់ចំណូលបណ្តាលមកពីវិបត្តិកូវីដ-១៩។ រដ្ឋមន្ត្រីក្រសួងផែនការរូបនេះបន្តថា ដើម្បីពន្លឿនការចុះឈ្មោះក្រុមគ្រួសារក្រីក្រទាំងនេះនៅតាមឃុំសង្កាត់បន្ថែមទៀត ក្រសួងផែនការបានស្នើសុំកុំព្យូទ័រថាប្លេតចំនួន ១ ៧០០ គ្រឿងពីអង្គការយូអិនឌីភី ហើយកម្ពុជាក៏សូមថ្លែងអំណរគុណ ដោយស្មោះបំផុតចំពោះអង្គការ UNDP និងរដ្ឋាភិបាលអូស្ត្រាលីដែលបានគាំទ្រតាមរយៈការផ្តល់នូវកុំព្យូទ័រថាប្លេតទាំងនេះដល់ក្រសួង។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Pablo Kang មានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលី មានមោទនភាព ដែលការគាំទ្ររបស់អូស្ត្រាលីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ រាប់បញ្ចូលទាំងការឧបត្ថម្ភ ថាប្លេត ទាំងនេះ បានជួយកសាងកម្មវិធីកំណត់អត្តសញ្ញាណគ្រួសរក្រីក្រឲ្យក្លាយជាប្រព័ន្ធពិតប្រាកដមួយរបស់កម្ពុជា ដែលក្លាយជាប្រព័ន្ធគោលសម្រាប់ជួយសម្រួលដល់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ចាភិបាលកម្ពុជាជូនគ្រួសារងាយរងគ្រោះក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។

លោក បន្ថែមទៀតថាដោយសារកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ បច្ចុប្បន្ននេះ ការឧបត្ថម្ភសាច់ប្រាក់កំពុងជួយឲ្យសេដ្ឋកិច្ច និងសង្គមជាតិមានភាពនឹងនរក្នុងអំឡុងពេលមានវិបត្តិនេះ ហើយក្នុងពេលជាមួយគ្នានេះ វាក៏បានផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ក្រីក្របំផុតនៅកម្ពុជា ដោយប្រើលក្ខណៈវិនិច្ឆ័យប្រកបដោយតម្លាភាព ដែលនេះជាលទ្ធផលមួយដ៏ប្រសើរប្រកដោយសមធម៌កើតចេញពីការអនុវត្តកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលីជាច្រើនឆ្នាំ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.