ពលករ​ចំណាកស្រុក​ខ្មែរ​ចំនួន ២៨ នាក់ និង​ទារក​ម្នាក់​បាន​ត្រឡប់​មក​ពី​ប្រទេស​ហ៊្សុ​កដា​នី​

ពលករ​ចំណាកស្រុក​ខ្មែរ​ចំនួន ២៨នាក់ និង​ទារក ម្នាក់ មក​ពី​ប្រទេស​ហ៊្សុ​កដា​នី 

បាន​ធ្វើដំណើរ​មាតុភូមិ​និវត្តន៍​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ទំព័រ​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រា​ល់ នៅ​ថ្ងៃសុក្រ​នេះ បានឱ្យ​ដឹង​ថា​ពលករ​ចំណាកស្រុក​ខ្មែរ​ទាំង ២៨នាក់ និង​ទារក ម្នាក់ មក​ពី​ប្រទេស​ហ៊្សុ​កដា​នី បាន​មកដល់​កម្ពុជា នៅ​វេលា ម៉ោង៩ព្រឹក តាមរយៈ​ជើងហោះហើរ​ពិសេស​ក្រោម​ការសម្រប​ស្រប​សម្រួល​ពី​ស្ថានទូត​ខ្មែរ​នៅ​ប្រចាំ​ប្រទេស​អេហ្ស៊ីប។

កាលពី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ អង្គការ​សង់​ត្រា​ល់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ អំពាវនាវ​អោយ​រដ្ឋ​ភិបាល ជួយ​អន្តរា​គម​ន៍​ភ្លាម​ៗដើម្បី​សម្របសម្រួល អោយ​ពលករ​ខ្មែរ​ដែល​បាន​បាត់បង់​ការងារ​និង​ជាប់​គាំង​នៅ​ប្រទេស​ហ៊្សុ​កដា​នី ដើម្បី​ឱ្យ​ពួក​គេ​បាន​ត្រលប់​មក​កម្ពុជា​វិញ ខណ:ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ​តាំងពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយក្រុម​ហ៊ុន Vega Textile និង Camel Textile ខកខាន​ពុំ​បាន​ទទួលខុសត្រូវ​ក្នុង​ការទិញ​សំបុត្រ​យន្តហោះ​ឱ្យ​ពួក​គាត់​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នា​ពេលនោះ​ឡើយ។ 

អង្គការ​សង់​ត្រា​ល់​ក៍​បាន​ជួយ​អន្តា​គមន៍​ទៅកាន់​ក្រុម​អ្នកបញ្ជា​ទិញ និង​សម្របសម្រួល​អោយ​កម្មករ​ទទួល​បាន​ថវិការ​គាំពារ​សង្គម ដោយ​ផ្អែក​តាមច្បាប់​ការងារ​របស់​ប្រទេស​ហ្ស៊ុ​កដា​នី​ផង​ដែរ។មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​អង្គការ​សង់​ត្រា​ល់ លោក​ឃុន ថា​រ៉ូ ឱ្យ​ដឹង​ថា​នៅមុន​មាន​វិបត្តិ​កូ​វីដ១៩ ពលករ​ខ្មែរ​នៅ​ប្រទេស​នេះ​ត្រូវ​បាន​អន្តរាគមន៍​ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​វិញ មួយចំនួន​ផង​ដែរ ហើយ​លោក​ថា​នៅ​មាន​ពលករ​ខ្មែរ​ច្រើន​ថែមទៀត​នៅ​ទីនោះ​ទៀតផង​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.