27 C
Phnom Penh

មន្ត្រី​កម្ពុជា​ចាត់ទុក​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ជា​មិត្ត​ជា​ការ​ប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​មហាអំណាច​មាន​តែ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ជួយ​ដល់​ប្រទេស​តូចតាច​ទន់ខ្សោយ​ប៉ុណ្ណោះ ទើប​ជា​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូល និង​ការប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​បែប​នេះ គឺ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​ប្រទេស​លោកសេរី​សម្រាប់​កម្ពុជា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ថ្មីៗ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​មិត្ត​ចិន ជប៉ុន អង់គ្លេស អាមេរិក និង​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេងៗ​ទៀត គឺ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទង្វើ និង​កាយវិការ​មនុស្សធម៌​អន្តរជាតិ​ដែល​មហាអំណាច​គួរ​ប្រកាន់​យក​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ឆ្លង​រាលដាល​មេរោគ Covid-19 នៅ​ពេល​នេះ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូល​បច្ចុប្បន្ន​នេះ ការ​ប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​របស់​មហាអំណាច​ដោយ​ធ្វើ​ការ​គាប​សង្កត់ គំរាមកំហែង និង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​តូចតាច​ដែល​ទន់ខ្សោយ លែង​មាន​ឥទ្ធិពល​តទៅទៀត​ហើយ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ស្ថានទូត​របស់​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ចក្រភព​អង់គ្លេស​នឹង​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 AstraZeneca ចំនួន ៤១​ម៉ឺន ៥​ពាន់​ដូស តាមរយៈ​កិច្ចព្រមព្រៀង​ទ្វេភាគី ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ Covid-19 ដល់​កម្ពុជា។

ដោយឡែក​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​បាន​សម្រេច​ផ្ដល់​អំណោយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រភេទ Johnson & Johnson ជាង ១​លាន​ដូស​ដល់​កម្ពុជា តាមរយៈ​យន្តការ​របស់​កូវ៉ាក់។

មក​ទល់នឹង​ពេលនេះ កម្ពុជា​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​បណ្តា​ប្រទេស​ជា​មិត្ត​ជា​បន្តបន្ទាប់​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់ ក្នុង​នោះ​រួម​មាន​ចិន ជប៉ុន អូស្ត្រាលី អង់គ្លេស និង​អាមេរិក ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ជា​ការ​បង្ហាញ​ពី​ការ​មើលស្រាល​លើ​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា។

លោក​រិះគន់​ថា ការ​យក​ជំនួយ​មនុស្សធម៌​ទៅ​ភ្ជាប់​នឹង​នយោបាយ​បែប​នេះ គឺជា​ការ​បង្ក​អរិយភាព​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ទំនាក់ទំនង​ចំណង​ការទូត​រវាង​ប្រទេស​ជា​មិត្ត ក៏​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ដែរ​ថា កម្ពុជា​មាន​មន្ត្រី​ដែល​គ្មាន​ចំណេះដឹង​គ្រប់គ្រាន់​ដើម្បី​បំពេញ​តួនាទី​ក្នុង​អង្គការ​រដ្ឋ ដើម្បី​ជួយ​ជ្រោមជ្រែង​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ដែរ។

លោក ម៉ែន ណាត បញ្ជាក់​ថា ក្នុង​នាម​ជា​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​ឆ្លើយតប​ជា​លក្ខណៈ​ការទូត ដើម្បី​បញ្ចៀស​នូវ​ការ​អាក់អន់ចិត្ត​រវាង​ប្រទេស​ជា​មិត្ត ហើយ​ក៏​ជា​មនុស្ស​ដែល​ចេះ​ឲ្យ​តម្លៃ​លើ​កិច្ចការ​មនុស្សធម៌​ផង​ដែរ ប៉ុន្តែ​បើ​មាន​មន្ត្រី​ដែល​ចេះ​តែ​និយាយ​បង្ក​ការ​អាក់អន់ចិត្ត​ដល់​ប្រទេស​ជា​មិត្ត​បែប​នេះ នោះ​មិន​មែន​ជួយ​ទំនាក់ទំនង​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ទេ គឺ​ទាញ​ទម្លាក់​កម្ពុជា​ទៅ​រក​ជម្លោះ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ដល់​កម្ពុជា​ប្រមាណ ១​លាន​ដូស ជា​ចំណង​មិត្តភាព​កម្ពុជា-ជប៉ុន ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​បន្ត​កិច្ចសហការ និង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ដែល​ជា​បញ្ហា​របស់​ពិភពលោក​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្ដីពី​អនាគត​របស់​អាស៊ី ថា កម្ពុជា​ស្វាគមន៍​រាល់​ជំនួយ​ប្រទេស​ជា​មិត្ត​ទាំងអស់​ដែល​មាន​បំណង​ជួយ​កម្ពុជា លើកលែងតែ​ជំនួយ​ក្រុម​ភេរវករ​តែប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស