29 C
Phnom Penh

លោក ខៀវ សុភ័គ បដិសេធ​ឈ្មោះ ចាន់ វិទូ ជា​ជំនួយការ​លោក ស ខេង ហើយ​ស្នើ​ចាត់​វិធានការ​តាម​ច្បាប់

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បដិសេធ​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ វិទូ លែង​ជា​ជំនួយការ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៀត​ហើយ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​បុគ្គល​រូប​នេះ ប្រសិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ។

លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បន្ទាប់ពី​មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ​រស់នៅ​ភូមិ​ឈើទាល២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា​ពី​មុខ​សាលា​ខេត្ត​កណ្តាល ដោយសារ​ឈ្មោះ ចាន់ វិទូ បាន​បំពាន​ផ្លូវ​សាធារណៈ​ប៉ះពាល់​ប្រយោជន៍​ពលរដ្ឋ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ ពលរដ្ឋ​បាន​ស្នើ​អភិបាល​ខេត្ត​កណ្ដាល ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ ចាន់ វិទូ មាន​តួនាទី​ជា​ជំនួយការ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​នាំ​យក​គ្រឿងចក្រ​មក​កាយ និង​ឈូស​ឆាយ​ផ្ដាច់​ផ្លូវ​សាធារណៈ​មួយ​កន្លែង​ក្នុង​ស្រុក​កៀនស្វាយ បណ្តាល​ឲ្យ​ពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​បាន។

លោក ខៀវ សុភ័គ ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា អាណត្តិ​នេះ ឈ្មោះ ចាន់ វិទូ លែង​ជា​ជំនួយការ​លោក ស ខេង ទៀត​ហើយ ហើយ​កាត​សម្គាល់​ខ្លួន​របស់​គាត់​ក៏​ហួស​សុពលភាព​ទៅ​ហើយ​ដែរ។ លោក​បន្ត​ថា ទោះ​ជា​បុគ្គល​រូប​នេះ​ជា​ជំនួយការ​ក៏ដោយ តែ​បើ​ប្រព្រឹត្ត​កំហុស​ឆ្គង គឺ​ត្រូវតែ​ទទួល​ទោស​ដូច​គ្នា។

ក្រោយ​ពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​រួចមក លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល ក៏​បាន​ដោះស្រាយ​ការ​ស្នើសុំ​របស់​ពលរដ្ឋ ហើយ​បាន​ជូនដំណឹង​ទៅ​បុគ្គល​ឈ្មោះ ចាន់ វិទូ ដែល​បាន​ឈូស​ឆាយ​ផ្លូវ​នោះ ត្រូវ​ជួសជុល​ឲ្យ​មក​សភាព​ដើម​វិញ​ក្នុង​រយៈពេល ១០​ថ្ងៃ។ ក្នុង​ករណី​មិន​អនុវត្ត​តាម រដ្ឋបាល​ខេត្ត​កណ្តាល​នឹង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ជាធរមាន។

ទាក់ទិន​បញ្ហា​នេះ លោក សុខ ពិសិដ្ឋ អភិបាល​រង​ស្រុក​កៀនស្វាយ ថ្លែង​ថា ផ្លូវ​មួយ​ខ្សែ​ដែល​បុគ្គល​ឈ្មោះ ចាន់ វិទូ នាំ​យក​គ្រឿងចក្រ​មក​ជីក​កាយ​យក​ដី​នេះ គឺ​ពិតជា​ផ្លូវ​សាធារណៈ​ដែល​អ្នក​ភូមិ​បាន​ប្រើប្រាស់​ជា​យូរ​មក​ហើយ។ ចំណែក​ឯ​វិវាទ​នេះ រដ្ឋបាល​ស្រុក​កៀនស្វាយ ក៏​ធ្លាប់​បាន​កោះហៅ​ឈ្មោះ ចាន់ វិទូ មក​ដោះស្រាយ​ចំនួន ២​លើក​រួច​ហើយ​ដែរ ប៉ុន្តែ​រូប​គាត់​មិនព្រម​ចូល​ខ្លួន​មក​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​នោះ​ទេ។

ពលរដ្ឋ​បាន​អះអាង​ថា កន្លងមក​ឈ្មោះ ចាន់ វិទូ ជា​ឈ្មួញ​រកស៊ី​ជីក​រណ្តៅ​ដី និង​ការដ្ឋាន​ខ្សាច់​ម្នាក់​ដែល​តែង​បាន​យក​ឈ្មោះ​លោក យឹម លាង អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ប្រើ​តួនាទី​ជា​ជំនួយការ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​គំរាមកំហែង​ពួកគាត់ ជាពិសេស​នៅ​ក្នុង​សកម្មភាព​នាំ​យក​គ្រឿងចក្រ​មក​ជីក​បំផ្លាញ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ដោយ​មិន​ញញើត​អាជ្ញាធរ​មូលដ្ឋាន​ទេ។

ទោះ​ជា​បែប​នេះ​ក្តី The Cambodia Daily នៅ​មិនទាន់​មាន​ប្រភព​ទាក់ទង​លោក ចាន់ វិទូ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ទេ ខណៈ​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ និង​ជា​នាយក​ខុទ្ទកាល័យ​លោក ស ខេង ក៏​មិនទាន់​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​បន្ថែម​បាន​ដែរ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កញ្ញា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស